ម៉ិកស៊ិក ទទួលបានប្រធានាធិបតីជាស្រ្តី ទី១ ក្នុងប្រវត្តិសាស្រ្ត

CNN រាយការណ៍នៅថ្ងៃចន្ទទី៣ខែមិថុនា លោកស្រី Claudia Sheinbaum បានជាប់ឆ្នោតជាប្រធានាធិបតីស្ត្រីដំបូងគេរបស់ប្រទេសម៉ិកស៊ិក បន្ទាប់ពីទទួលជោគជ័យជាមួយសំឡេងគាំទ្រភ្លូកទឹកភ្លូកដី ជាប្រវត្តិសាស្រ្ត។

យោងតាមអាជ្ញាធររៀបចំការបោះឆ្នោតផ្លូវការរបស់ប្រទេសម៉ិកស៊ិក, លទ្ធផលបឋមបង្ហាញថា អតីតអភិបាលក្រុងម៉ិកស៊ីកូវ័យ៦១ឆ្នាំរូបនេះបានឈ្នះឆ្នោតក្នុងសំឡេងពី ៥៨% ទៅ ៦០%។ តួលេខនេះនាំឲ្យលោកស្រីឈ្នះដាច់គូប្រជែងដ៏ធំគឺអ្នកជំនួញឈ្មោះ Xóchitl Gálvez ដល់ទៅ៣០%ឯណោះ។

ក្នុងសុន្ទរកថាជ័យជម្នះនៅទីលាន Zócalo​ ក្នុងទីក្រុង ម៉ិកស៊ីកូ អតីតអ្នកវិទ្យាសាស្ត្រថាមពលរូបនេះ បាននិយាយទៅកាន់អ្នកគាំទ្រថា “ខ្ញុំនឹងមិនធ្វើឲ្យអ្នកខកចិត្តឡើយ ហើយខ្ញុំនឹងបន្តជំរុញលើវឌ្ឍនភាព ដែលអ្នកកាន់តំណែងមុន ខិតខំកសាងឡើងយ៉ាងលំបាក”។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៨ លោកស្រីបានក្លាយជាអភិបាលក្រុងម៉ិកស៊ីកូ ភេទស្ត្រីដំបូងគេហើយកាន់មុខតំណែងនេះរហូតដល់ឆ្នាំ២០២៣ ពេលដែលលោកស្រីសុខចិត្តចុះចេញពីតំណែង ដើម្បីឈរឈ្មោះជាប្រធានាធិបតី។

CATEGORIES
Share This