រសៀលនេះ វិសាខា ត្រូវការឈ្នះ Saitama ដើម្បីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ


ក្លិបបាល់ទះ វិសាខា ​ត្រូវ​ការ​ឈ្នះ​ដាច់​ខាត​លើ​ក្រុម​មក​ពី​ប្រទេស​ជប៉ុន Saitama Azalea ដើម្បី​ទទួល​បាន​កៅអី​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រពាន​រង្វាន់​ពាន​រង្វាន់ Win+Steak​Volleyball Invitation (WSVI) បន្ទាប់​ពី​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​ Win Streak ទាំង​ប្រផុត​ប្រផើយ​កាល​ពី​យប់​មិញ។

ការ​ប្រកួត​សន្សំ​ពិន្ទុ​លើក​ទី២ វិសាខា​ បាន​ចាញ់​ពិន្ទុ​ Win Streak ទាំង​តឹង​តែង​បំផុត​ដោយ​ប្រើ​ពេល​យ៉ាង​យូរ​រហូត​ដល់​៥សិត​ គឺ​លទ្ធផល ២-៣។ សិត​ទី១ Win Streak ឈ្នះ​ដោយ​ពិន្ទុ ២២-២៥, សិត​ទី២ វិសាខា ឈ្នះ​ដោយ​ពិន្ទុ ២៥-២២, សិត​ទី​៣ Win Streak ឈ្នះ​១៩-២៥, សិត​ទី​៤ វិសាខា ឈ្នះ​ដោយ​ពិន្ទុ ២៧-២៥ និង​សិត​កាត់​សេចក្តី​ទី​៥ Win Streak ឈ្នះ​ដោយ​ពិន្ទុ ១៣-១៥។

កាល​ពី​ការ​ប្រកួត​សន្សំ​ពិន្ទុ​ទី១ វិសាខា បាន​យក​ឈ្នះ​ក្រុម​អូស្ត្រាលី Volleyball Academy ​ដោយ​លទ្ធផល ៣-០ (២៦-២៤, ២៥-២៣ និង​ ២៥-១៨) ខណៈ​ Win Streak បាន​យក​ឈ្នះ​ក្រុម​ជប៉ុន Saitama Azalea ដោយ​លទ្ធផល ៣-០ (២៥-២១, ២៥-២២ និង ២៥-១៩)។

ពេល​នេះ Win Streak កំពុង​ឈរ​លើ​កំពូល​តារាង​ពូល B ហើយ​ វិសាខា ឈរ​លេខ​២ ក្រុម​ជប៉ុន Saitama Azalea លេខ​៣ និង​លេខ​៤​ក្រុមអូស្ត្រាលី Volleyball Academy ​។ សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​ចុង​ក្រោយ​នា​រសៀល​ថ្ងៃនេះ​ វិសាខា​ត្រូវ​ការ​ឈ្នះ​ដាច់​ខាត​ដើម្បី​បន្ត​ឈរ​​លេខ​២​ក្នុង​ពូល​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាលផ្តាច់ព្រ័ត្រ។

CATEGORIES
Share This