ម៉ោង​១​​ថ្ងៃ​នេះ វិសាខា ប៉ះក្រុមអូស្ត្រាលី Volleyball Academy នៅតៃវ៉ាន់

ក្លិបបាល់ទះ វិសាខា ​ដល់​ពេល​ត្រូវ​បង្ហាញ​សមត្ថភាព​មែន​ទែន​ហើយ បន្ទាប់​ពី​នាំ​ចូល​កីឡាករ​​លំដាប់​លីគ​កំពូល​បារាំង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នៅ​ពេល​ពួក​គេ​ត្រូវ​ប្រកួត​ជា​មួយ​ក្រុម​បាល់ទះ​អូស្ត្រាលី Volleyball Academy វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី២៩ ខែ​ឧសភា ឆ្នាំ​២០២៤ នៅ​កោះ​តៃវ៉ាន់​ក្នុង​ពាន​រង្វាន់ Win+ Steak Volleyball Cup។

សមាជិក​ថ្មី​សញ្ជាតិ​បារាំង​៣រូប​គឺ​ Francois Rebeyrol, Thomas Gill និង​ Prierre Toledo ​ទើប​តែ​មក​ដល់ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី២១ ខែ​ឧសភា កន្លង​ទៅ​នេះ និង​បាន​ចូល​រួម​ហ្វឹក​ជា​មួយ​គ្នាបាន​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វិសាខា​បាន​យក​ឈ្នះ​​មក​ពី​វៀតណាម Long An ដោយ​លទ្ធផល ៣-០ សម្រាប់​ការ​ប្រកួត​មិត្តភាព​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០២៤ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

វិសាខា​ទើប​តែ​ធ្វើ​ដំណើរ​ទៅ​ដល់​កោះ​តៃវ៉ាន់​កាល​ពី ថ្ងៃ​ទី​២៧ ខែ​ឧសភា​ ដើម្បី​ចូល​រួម​ប្រកួត​ក្នុង​ពាន​រង្វាន់ Win+ Steak Volleyball Cup ដែល​មាន​៨​ក្រុម​ចូល​រួម​ប្រកួត។ ការ​ប្រកួត​បើក​ឆាក​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​២៩ ខែ​ឧសភា​នេះ វិសាខា​ត្រូវ​ប៉ះ​ក្រុមអូស្ត្រាលី Volleyball Academy។

ក្រុម​អូស្ត្រាលី Volleyball Academy គឺ​ជា​ក្រុម​អភិវឌ្ឍ​កីឡា​បាល់ទះ​ក្នុង​សាល និង​លើ​ដី​ខ្សាច់​អាជីព​ដែល​​មាន​កម្មវិធី​បណ្តុះ​បណ្តាល​ត្រឹម​ត្រូវ និង​ស្តង់ដា​ដែល​មាន​គោល​បំណង​ក្លាយ​ជា​កីឡាករ​បាល់ទះ​អាជីព​ឈាន​ឆ្ពោះ​ទៅ​រក​ការ​ចូល​រួម​កម្រិត​អន្តរជាតិ ជា​ពិសេស​កីឡា​អូឡាំពិក​តែ​ម្តង។ ដូច្នេះ​វិសាខា​ប៉ះ​ Volleyball Academy មិន​មែន​ជា​ងាយ​ស្រួល​នោះ​ទេ។

វាអាច​ជា​សម្ពាធ​ធំ​មួយ​ដែរ​សម្រាប់​វិសាខា​ដោយសារ​​តែ​បាន​​ដាក់​គោល​ដៅ​ខ្ពស់​​មែន​ទែន​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​នៅ​កោះតៃវ៉ាន់​នេះ។ លោក អាំង សិរីពិសិដ្ឋ អនុប្រធាន​ក្លិប​បាល់ទះ​វិសាខា​ធ្លាប់​បាន​និយាយ​ថា វិសាខា​ ដាក់​គោល​យក​ឈ្នះ​ជើង​ឯក​ពីតៃវ៉ាន់​។ សម្រាប់​ការ​គោល​ដៅ​ធំ​នេះ វិសាខា​បាន​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​ដើម្បី​នាំ​យក​កីឡាករ​លំដាប់​កំពូល​ៗ​មក​ពី​ប្រទេស​បារាំង​ដើម្បី​ចូលរួម​ជា​ក្រុម​ក្នុង​រយៈ​ពេល​ខ្លី។

រូបមន្ត​នៃ​ការ​ប្រកួត​ពាន​រង្វាន់ Win+ Steak Volleyball Invitational Tournament មាន​ពីរ​ដំណាក់​កាល​។ ដំណាក់​កាល​​សន្សំ​ពិន្ទុ​ក្នុង​ពូល ក្រុម​នីមួយ​ៗ​ត្រូវ​ឆ្លង​កាត់​៣​ប្រកួត​តាម​ពូល​រៀងៗ​ខ្លួន។ បន្ទាប់​មក ក្រុម​នីមួយ​ៗ​នឹង​ស្ថិត​នៅ​តាម​ចំណាត់​ថ្នាក់​ចាប់​ពី​លេខ​១​ដល់​៨ អាស្រ័យ​ទៅ​លើ​ពិន្ទុ​ដែល​ឈ្នះ និង​ចាញ់។

CATEGORIES
Share This