Mbappe នឹងប្រកាសក្លិបថ្មីនាប៉ុន្មានថ្ងៃខាងមុខ

កីឡាករ Kylian Mbappe នឹងប្រកាសជាផ្លូវ​ការ​អំពី​ក្លិបថ្មី​ដែល​ខ្លួន​​ត្រូវផ្លាស់ទៅលេងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ បន្ទាប់ពីចាកចេញពីក្លិប​ Paris Saint-Germain។

ខ្សែប្រយុទ្ធ​បារាំង Kylian Mbappe បានបង្ហាញខ្លួនក្នុងការប្រកួតចុងក្រោយជាមួយក្រុម Paris Saint-Germain កាលពីថ្ងៃសៅរ៍ និង​ជួយក្រុមលើកពាន Coupe de France តាម​រយៈ​ជ័យជម្នះ​លើ​ក្រុម​ Lyon នៅវគ្គផ្ដាច់ព្រ័ត្រ។ កីឡាករ​បានបញ្ជាក់ជាផ្លូវការ​ពី​ចាកចេញពី PSG ប៉ុន្តែ​មិនទាន់បង្ហាញ​ក្លិប​ថ្មី​នោះ​ទេ។ ក្រុមដែលអ្នកគាំទ្ររំពឹងថាខ្សែប្រយុទ្ធ​វ័យ២៥ឆ្នាំរូបនេះចូល​រួម​គឺ​ Real Madrid។

Mbappe បាននិយាយថា ៖«ខ្ញុំនឹងប្រកាសពីក្លិបថ្មីរបស់ខ្ញុំនៅតាមពេលកំណត់។ វានៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ដូច្នេះគ្មានបញ្ហាអ្វីទេ។ មូលហេតុដោយសារខ្ញុំគិតថា រឿងសំខាន់ដែលខ្ញុំត្រូវធ្វើគឺចង់បញ្ចប់កាតព្វកិច្ចចុងក្រោយរបស់ខ្ញុំជាមួយក្លិប​ឲ្យបានល្អ ហើយក៏ជាការលាអ្នកគាំទ្រចុងក្រោយដ៏ល្អ​ផងដែរ»។

កីឡាករ Mbappe ​បាន​ចាកចេញពីក្រុម PSG ជាមួយកំណត់ត្រាដ៏អស្ចារ្យ ក្រោយរកបាន២៥៦គ្រាប់ និងការបញ្ចូនបាល់ឲ្យមិត្តរួមក្រុមចំនួន១០៨លើក ក្នុងការបង្ហាញសរុប៣០៨លើក ក្រោយចំណាយ​ពេល៧ឆ្នាំជាមួយក្រុមយក្ស​បារាំង។

កីឡាករ Mbappe បានបន្ថែមថា​៖«​ការលេងឲ្យក្រុម PSG ជាកន្លែងមួយដែលបានផ្ដល់បទពិសោធជាច្រើនចំពោះខ្ញុំ។ ខ្ញុំមានសំណាងណាស់ក្នុងការទទួលយកបទពិសោធ​​នៅ​ PSG។ ខ្ញុំមិនមានបទពិសោធ​ក្នុង​ការ​ប្រកួតប្រជែងនៅកន្លែងផ្សេង។ ឥឡូវនេះខ្ញុំនឹង​ស្វែង​រក​បទពិសោធថ្មី​នៅ​កន្លែង​ផ្សេង ហើយខ្ញុំប្រាកដថា វានឹងក្លាយជាពេលវេលាដ៏អស្ចារ្យ»៕

CATEGORIES
Share This